បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៤៧ នាក់ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មី និង រកឃើញអ្នកឆ្លងថ្មីចំនួន ៣ ៣២៣ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីថ្មីទាំងនោះ គឺចំនួន ២ ១០៤ នាក់ រកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ១ ២១៩នាក់ រកឃើញនៅក្នុងពន្ធនាគារ។
កាលពីថ្ងៃពុធអ្នកជំងឺចំនួន ២ ០៦៣ នាក់ បានជាសះស្បើយ។ នៅក្នុងរលកទី ៣ នៃ Covid-19 ចាប់តាំងពីថ្ងៃទី ១ ខែមេសា មានករណីចំនួន ១១២.៣៥៤ ករណីត្រូវបានរាយការណ៍សរុប ខណៈដែលអ្នកជំងឺ ៦៦ ៤០២ នាក់ បានជាសះស្បើយ ។ ចំនួនអ្នកស្លាប់ក្នុងរយៈពេលនេះបានកើនឡើងដល់ ៨២៦ នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា