ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក អាមេរិក ត្រៀមធ្វើសមយុទ្ធនៅសមុទ្រប៉ាល់ទិក ក្នុងខែ មិថុនា

បរទេស៖ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាស នៅពេលថ្មីៗនេះ នូវផែនការសម្រាប់ប្រតិបត្តិការសមុទ្រប៉ាល់ទិក លើកទី៥០ ដែលជាសមយុទ្ធពហុជាតិរយៈពេល ១៣ថ្ងៃ នៅក្នុងតំបន់នៃសមុទ្រប៉ាល់ទិក ថានឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមិថុនា។

សេចក្តីថ្លែងការណ៍ទ័ពជើងទឹកមួយបាននិយាយថា សមយុទ្ធ BALTOPS នោះ នឹងមានការចូលរួមដោយប្រទេសជាសមាជិក និងដៃគូណាតូចំនួន១៨ប្រទេស ធ្វើឲ្យមានអង្គភាពដែនសមុទ្រទាំងអស់ចំនួន៤០ យន្តហោះ៦០គ្រឿង និងបុគ្គលិក ចំនួន៤.០០០នាក់ ហើយនេះជាសមយុទ្ធមួយ លើកកម្ពស់ភាពបត់បែន និងអន្តរប្រតិបត្តិការ។

ប្រទេសប៊ែកហ្ស៊ិក កាណាដា ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ឡាតវី លីទុយអានី ហូឡង់ ន័រវេស ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងចូលរួមនៅក្នុងសមយុទ្ធយោធានោះ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដឹកនាំប្រតិបត្តិការប្រចាំឆ្នាំនោះ ដែលជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ណាតូសំខាន់ៗទាំង២០ គ្រោងធ្វើនៅក្នុងឆ្នាំ ២០២១នេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top