មូស្គូ៖ របាយការណ៍របស់ក្រុមហ៊ុន ដែលទទួលបានដោយ Sputnik កាលពីថ្ងៃពុធបានបង្ហាញថា អត្រាមរណភាពបន្ទាប់ ពីការប្រើប្រាស់វ៉ាក់សាំង Pfizer នៅក្នុងប្រទេសចំនួន ៦ នៅអឺរ៉ុបគឺខ្ពស់ ជាងការចាក់វ៉ាក់សាំង AstraZeneca ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យរបស់ក្រុមហ៊ុន ផលិតវ៉ាក់សាំង នៅទីក្រុង មូស្គូ បានបញ្ជាក់ប្រាប់ Sputnik អំពីភាពត្រឹមត្រូវ នៃឯកសារនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា “ក្រុមហ៊ុន AstraZeneca បញ្ជាក់ថា ខ្លួនបាននិពន្ធឯកសារនេះ។ ព័ត៌មាននេះមិនត្រូវបានបម្រុងទុក សម្រាប់ផ្សព្វផ្សាយជាសាធារណៈទេ” ។
របាយការណ៍ដែលមាន ១២ ទំព័រមានចំណងជើងថា“ ស្តារភាពជឿជាក់លើវ៉ាក់សាំង ការពារជំងឺកូវីដ – ១៩ និងការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ រវាងបទប្បញ្ញត្តិភ្នាក់ងារ ថែរក្សាសុខភាព និងក្រុមហ៊ុនឱសថ – ការអំពាវនាវ ឱ្យមានសកម្មភាព” ផ្តល់នូវទិន្នន័យស្ថិតិ ដែលបង្ហាញថា ចំនួនករណីស្លាប់សរុប ក្នុងមួយលានដូស នៃវ៉ាក់សាំងនៅបារាំង អាល្លឺម៉ង់ អង់គ្លេស ន័រវែស អូទ្រីស និង ប្រទេសអ៊ីតាលី គឺករណីស្លាប់ ដោយសារចាក់វ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer ខ្ពស់ជាងករណីស្លាប់ ដោយសារការចាក់វ៉ាក់សាំង របស់ AstraZeneca ជិត ៣ដង ។
យោងតាមស្ថិតិ ដែលបានដាក់ជូនដោយរដ្ឋាភិបាល និងទីភ្នាក់ងារវេជ្ជសាស្ត្រ ពាក់ព័ន្ធ គឺប្រទេសបារាំង បានចុះបញ្ជីករណីស្លាប់ ចំនួន ៤៥,៣ ករណី ក្នុងមួយលានដូស សំរាប់វ៉ាក់សាំង Pfizer ទល់នឹង ១៧,៩ សម្រាប់វ៉ាក់សាំង AstraZeneca ។ សម្រាប់អាល្លឺម៉ង់ តួលេខគឺ ២៩,៩ ទល់នឹង ៦.៥ , សម្រាប់ចក្រភពអង់គ្លេស – ២០.៧ និង ២៤.២, ន័រវែស – ១៦៤.៣ និង ៤៤.៦, អូទ្រីស – ៤៧.៥ និង ៧.៥ និងអ៊ីតាលី – ១០,៩ – ៧.៣ ៕ប្រែសម្រួលៈ ណៃ តុលា