ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្ដេញនាវាចម្បាំង អង់គ្លេស ចេញពីដែនទឹក នៅជិតតំបន់គ្រីមា

បរទេស ៖ មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់មួយរូប នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តី រាយការណ៍ បាននិយាយថា ទីក្រុងមូស្គូបានប្រើប្រាស់ កងកម្លាំងជើងទឹក និងជើងអាកាសរបស់ខ្លួន បណ្តេញនាវាចម្បាំងអង់គ្លេស HMS Dragon មួយគ្រឿង ចេញពីទីតាំង ដែលលោកនិយាយថា ជាដែនទឺកកម្មសិទ្ធិរុស្ស៊ី នៅជិតតំបន់គ្រីមា កាលពីខែតុលាឆ្នាំមិញ ។

លោក Vladimir Kulishov ជាអនុប្រធានទីមួយនៃទីភ្នាក់ងារ សន្តិសុខ FSB បាននិយាយថា ប្រទេសរុស្ស៊ី បាននិយាយប្រាប់ នាវានោះមិនឲ្យចូល ក្នុងដែនទឹកខ្លួន ប៉ុន្តែថា នាវាបានឆ្លងកាត់នូវអ្វី ដែលលោកនិយាយថា ជាព្រំដែន កាលពីថ្ងៃទី១៣ ខែតុលា នៅជិតតំបន់គ្រីមាភាគខាងត្បូង ។

លោកបានមានប្រសាសន៍ថា នាវាចម្បាំង HMS Dragon បានទាមទារសិទ្ធិ ធ្វើដំណើរ ឆ្លងកាត់ដោយគ្មានកំហុស ជាគោលគំនិតមួយ ដែលអនុញ្ញាត ឲ្យនាវាឆ្លងកាត់ដែនទឹក របស់ប្រទេសដទៃ នៅតាមតំបន់ឆ្នេរ ក្នុងឥរិយាបថ មិនធ្វើឲ្យប៉ះពាល់ដល់សន្តិភាព សណ្ដាប់ធ្នាប់ ឬក៏សន្តិសុខ។

លោក Kulishov បាននិយាយប្រាប់កាសែត នៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងមូស្គូបានធ្វើការទាមទារ ឲ្យនាវាអង់គ្លេស ចាកចេញភ្លាមពីដែនទឹកខ្លួន ហើយនៅទីបំផុត នាវាចម្បាំងនោះ ក៏ត្រូវទ័ពជើងទឹកនិងជើងអាកាស រុស្ស៊ីបណ្តេញចេញ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top