ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត ជុំវិញផែនការ​​ លក់អាវុធ របស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យយោធាបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតនឹងការលក់ អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដោយប្រទេសណាមួយ និងទំនាក់ទំនងយោធា ជាមួយកោះនេះ តាមរូបភាពណាក៏ដោយ ដោយហេតុថាកោះតៃវ៉ាន់ គឺជារឿងផ្ទៃក្នុង របស់ចិន។

លោក តាន់ កេហ្វ៊ី អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅ នឹងផែនការ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដែលលោកបានលើកឡើងថា “បានបញ្ជូនសញ្ញាខុសយ៉ាងខ្លាំង” ទៅកាន់កងកម្លាំងបំបែកខ្លួន ដែលកំពុងស្វែងរកឯករាជ្យតៃវ៉ាន់ ។

កងទ័ពរំដោះប្រជាជនចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបង្ក្រាបរាល់ការប៉ុនប៉ង បំបែកកោះតៃវ៉ាន់ ពីប្រទេសចិន និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ចិនយ៉ាងម៉ឺងម៉ាត់។

កោះតៃវ៉ាន់ គឺជាប្រធានបទក្ដៅមួយ រវាងមហាអំណាចពិភពលោកទាំងពីរ ដោយប្រទេសចិន ចាត់ទុកកោះនេះថា ជា អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ខ្លួន ហើយអាមេរិក ព្យាយាមលូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានការថមថយឡើយ៕
ដោយ ឈូក បូរ៉ា

To Top