ព័ត៌មានអន្តរជាតិ

ច្រកសមុទ្រតៃវ៉ាន់ កំពុងកើនឡើងកំដៅ ក្រោយចិន បង្កើនសម្ពាធលើកោះ ​ប្រជាធិបតេយ្យមួយនេះ

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងបណ្ដាមេដឹកនាំ សហគមន៍អ៊ឺរ៉ុប បានអំពាវនាវឱ្យមានសន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅពេលដែលចិនដីគោក បង្កើនសម្ពាធលើកោះ ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីសន្និសីទនិម្មិតរបស់ពួកគេ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានចូលរួមជាមួយលោក Suga ក្នុងការជំរុញឱ្យមាន​ដំណោះស្រាយ​ ដោយសន្តិវិធីនៃបញ្ហា ឆ្លងកាត់ច្រកសមុទ្រ “ខណៈពេលប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការ សម្រាប់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។

យោងតាមមន្រ្តី ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា វាគឺជាឯកសារ​យោងដំបូងបង្អស់ ដែលមិនធ្លាប់មាន ចំពោះកោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍ រួមរវាងជប៉ុន – អ៊ឺរ៉ុប ដោយប្រើភាសាដូចគ្នា ទៅនឹងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរបស់លោក នាយករដ្ឋមន្រ្តីជប៉ុន ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមុន។

លោក Suga និងមេដឹកនាំសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង​ អំពីស្ថានភាពនៅក្នុងដែនទឹក ជុំវិញប្រទេសចិន និងបានលើកឡើងជារួមថា ភាគីទាំងអស់ប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងបង្កើនភាពតានតឹង។

រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើនការទាមទាររបស់ខ្លួន ចំពោះកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើត ដោយបញ្ជូននាវាយាមសមុទ្រ ទៅដែនទឹកក្បែរនោះ នៅក្នុងអ្វីដែលទីក្រុងតូក្យូ មើលឃើញថា ជាការប៉ុនប៉ង​ដើម្បីគ្រប់គ្រង។

ប្រទេសចិន ក៏បានបន្តធ្វើនយោបាយនីយកម្ម នៃកោះសិប្បនិម្មិត នៅសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសចិន បានទាមទារអធិបតេយ្យភាពត្រួតស៊ីគ្នា ជាមួយប្រទេសជិតខាងនៅអាស៊ី។

សហគមន៍អ៊ឺរ៉ុប កំពុងព្យាយាមដើរតួនាទី កាន់តែធំនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយយកយុទ្ធសាស្ត្រមួយ កាលពីខែមុន សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយដៃគូក្នុងតំបន់។

នៅក្នុងនោះដែរលោក Michel និងលោក von der Leyen បានបង្ហាញការគាំទ្រ ចំពោះការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ នៅរដូវក្តៅនេះ ក្នុងលក្ខណៈ“ សុវត្ថិភាព” ទោះបីជាមានការព្រួយបារម្ភ អំពីការប្រកួត ដែលនឹងកើតឡើង ក្នុងកំឡុងពេលមានការរាតត្បាត ជាសកលក៏ដោយ៕ ដោយ៖ ឈូក បូរ៉ា

To Top