ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង សោកស្តាយចំពោះការ សម្រេចចិត្តអាមេរិកមិនចូលរួម សន្ធិសញ្ញាជើងមេឃចំហជាថ្មី

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមិនចូលរួមជាថ្មីក្នុង សន្ធិសញ្ញាគ្រប់គ្រងអាវុធជើងមេឃចំហ (Open Skies) ដែលអនុញ្ញាតឲ្យយន្តហោះ ឈ្លបយកការណ៍គ្មានអាវុធ ហោះហើរលើប្រទេសជាសមាជិក។

តាមសេចក្តីរាយការណ៍ ការសម្រេចបោះបង់ចោល សន្ធិសញ្ញានេះជាលើកដំបូង គឺត្រូវបានធ្វើឡើងដោយរដ្ឋបាល របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប៉ុន្តែទីក្រុងមូស្គូសង្ឃឹមថា លោក ចូ បៃដិន នឹងធ្វើផ្ទុយពីនោះ។

ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហរដ្ឋអាមេរិក បានធ្វើការជូនដំណឹងដល់ប្រទេសរុស្ស៊ីថា ខ្លួននឹងមិនចូលរួមជាថ្មី ក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនោះទៀតទេ ដោយចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទបំពានលើសន្ធិសញ្ញា តែជារឿងដែលទីក្រុងមូស្គូបានបដិសេធ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា សន្ធិសញ្ញានោះ នឹងបាត់បង់អត្ថប្រយោជន៍ជាច្រើនរបស់វា ដោយគ្មានការចូលរួមពីសំណាក់ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top