ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោកត្រៀមខ្លួនធ្វើការ ជាមួយសមភាគីអូទ្រីសគឺលោក Alexander Van der Bellen ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការកសាងខ្សែក្រវ៉ាត់ និងផ្លូវ BRI រួមគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសាររបស់លោកបាន ផ្លាស់ប្តូរជាមួយប្រធានាធិបតីអូទ្រីស ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនង ការទូតទ្វេភាគីលោកស៊ី បានលើកឡើងថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងចិន – អូទ្រីស ហើយត្រៀមខ្លួនជានិច្ច ដើម្បីលើកកម្ពស់ភាពជា ដៃគូយុទ្ធសាស្ត្រមិត្តភាពចិន – អូទ្រីសដល់កម្រិតថ្មី ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ។
លោកស៊ី បានគូសបញ្ជាក់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនង ការទូតទ្វេភាគីកាលពី ៥០ ឆ្នាំមុន ប្រទេសចិន និងអូទ្រីស បានប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងឈ្នះ – ឈ្នះ ដែលជំរុញការអភិវឌ្ឍនៃ ចំណងទាក់ទងជាប្រចាំ។
លោកស៊ី បានបន្ថែមថា ចាប់តាំងពីប្រទេសទាំងពីរបាន បញ្ជាក់ពីការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រក្នុងឆ្នាំ២០១៨ មកទំនាក់ទំនងទ្វេភាគី បានឃើញនូវឱកាសអភិវឌ្ឍន៍ថ្មីៗ ដោយលោកបានបន្ថែមទៀតថា ប្រទេសទាំងពីរបាននិងកំពុង បង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក ខាងនយោបាយ និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងវិស័យផ្សេងៗ។
លោកស៊ី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃការប្រយុទ្ធរួមគ្នា ប្រឆាំងនឹងរោគរាតត្បាតកូវីដ-១៩ ភាគីទាំងពីរបានជួយគ្នា និងពង្រឹងមិត្តភាពរវាង ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងសាររបស់លោក Van der Bellen បានឲ្យដឹងផងដែរថា ការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តមិត្តភាពរវាងអូទ្រីស និងចិន គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុង ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ៕
ដោយ ឈូក បូរ៉ា