កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃសុក្រ ម៉ាឡេស៊ី បានរាយការណ៍ថា ជាថ្ងៃទី៤ របស់ខ្លួនហើយ នៃកំណត់ត្រាករណីថ្មី នៃជំងឺកូវីដ-១៩ ដែលមានអ្នកឆ្លងជំងឺ ចំនួន៨.២៩០នាក់ ។
នេះជាជាលើកដំបូង ហើយសម្រាប់ប្រទេសម៉ាឡេស៊ី ដែលមានករណីឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី៨.០០០នាក់ ។ ករណីនេះក៏បានកើនឡើង បន្ទាប់ពីមានការកើនឡើង ជាច្រើនថ្ងៃដែលបានកត់ត្រា អំពីចំនួនអ្នកជំងឺ នៅតាមអង្គភាពថែទាំជំងឺនានា ។
សរុបអ្នកឆ្លងជំងឺនៅទូទាំងប្រទេស នាពេលឥឡូវនេះ មានអ្នកឆ្លង ជំងឺកូវីដ-១៩ចំនួន៥៤៩.៥១៤នាក់ ហើយអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល គឺមានចំនួន៧២.៨២៣នាក់ ។
ម៉ាឡេស៊ី បានកត់ត្រា ចំនួនអ្នកឆ្លង ជំងឺប្រចាំថ្ងៃខ្ពស់បំផុត ជាលើកទី៧ នៅក្នុងរយៈពេល១០ថ្ងៃ កន្លងមកនេះ ដែលមានអ្នកឆ្លងជំងឺលើសពី ៦.០០០នាក់ប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា