ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍លិចទូក នៅនីហ្សេរីយ៉ា កើនឡើងដល់ជាង ៨០នាក់

អាប៊ូចា៖ អភិបាលខេត្តមួយរូបបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ទូកមួយគ្រឿង ដែលបានក្រឡាប់ កាលពីសប្តាហ៍មុន នៅក្នុងទន្លេនីន នៅភាគខាងជើង ប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ៨១ នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សាកសពចំនួន ៨១ នាក់ត្រូវបានគេរកឃើញ ហើយមនុស្ស ២២ នាក់ត្រូវបានជួយសង្គ្រោះក្នុងកំឡុងពេលប្រតិបត្តិការ ជួយសង្គ្រោះ ដែលកំពុងបន្តនៅតំបន់ Warrah នៃរដ្ឋ Kebbi ភាគពាយ័ព្យប្រទេសនេះ ជាកន្លែងដែលគ្រោះថ្នាក់បានកើតឡើង កាលពីថ្ងៃពុធ។

ទូកដឹកមនុស្សជាង ១៧០ នាក់ ត្រូវគេជឿថា ផ្ទុកលើសទម្ងន់ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ ខណៈអ្នកដំណើរកំពុងធ្វើដំណើរ ទៅកាន់ផ្សារមួយនៅKebbi ពីភូមិមួយនៅរដ្ឋជិតខាងនៃប្រទេសនីហ្សេរីយ៉ា។

លោកអភិបាលបានលើកឡើងថា ទីក្រុង Warrah ដែលជាកន្លែងនៅម្ខាងនៃទន្លេនីន ប្រទេសនីហ្សេរីយ៉ា នៅតែជាផ្លូវសម្រាប់ការដឹកជញ្ជូនតាមសមុទ្រ ព្រោះវាបានឃើញសកម្មភាពជាច្រើននៃទូក កាណូត និងទូកផ្សេងទៀតជារៀងរាល់ថ្ងៃ។ មានទូកខ្លះដែលអាចដឹកទូដឹកទំនិញវែងៗរហូត ៣ ទូ ក្នុងពេលតែមួយ ហើយមានទូកខ្លះធ្វើដំណើរវែងឆ្ងាយណាស់។

គួរបញ្ជាក់ថា គ្រោះថ្នាក់ទូកមិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែការផ្ទុកលើសទម្ងន់ អាកាសធាតុអាក្រក់ និងប្រតិបត្តិការខុស៕
ដោយ ឈូក បូរ៉ា

To Top