បរទេស ៖ ក្រុមគណបក្សប្រឆាំង របស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រកាសផែនការមួយ បង្កើតរដ្ឋាភិបាល បង្រួបបង្រួម ដើម្បីបញ្ចប់តំណែង នាយករដ្ឋមន្ត្រីរបស់លោក Benjamin Netanyahu ។
លោក Naftali Bennett ជាអតីតរដ្ឋមន្ត្រីការពារជាតិ របស់លោក Netanyahu និងជាមេដឹកនាំគណបក្ស Yamina បានប្រកាសនៅក្នុងអំឡុង ពេលធ្វើសុន្ទរកថា ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ថា លោកនឹងបង្កើតរដ្ឋាភិបាលមួយ ជាមួយគណបក្ស Yesh Atid និងលោក Yair Lapid ជាមេដឹកនាំគណបក្សនេះ ។
លោក Naftali Bennett បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងពេលដ៏សំខាន់បែបនេះ ទំនួលខុសត្រូវ គឺត្រូវតែធ្វើឡើង ដូច្នោះហើយ ខ្ញុំប្រកាសនៅថ្ងៃនេះថា ខ្ញុំចង់ធ្វើការងារជាមួយភាពរឹងមាំ របស់ខ្ញុំទាំងអស់ បង្កើតរដ្ឋាភិបាលបង្រួបបង្រួម ជាតិមួយ ដោយរួមគ្នាជាមួយមិត្តរបស់ខ្ញុំ គឺលោក Yair Lapid ដែលនោះជាឆន្ទៈ របស់ព្រះ យើងរួមគ្នានឹងសង្គ្រោះប្រទេសចេញពីការគ្មានការគ្រប់គ្រងនេះ ហើយយើងនឹងនាំអ៊ីស្រាអែល វិលទៅរកផ្លូវត្រូវវិញ”។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន The Washington Post បានឲ្យដឹងថា ស្ថិតក្រោមកិច្ចព្រមព្រៀងគ្នា ដែលបានស្នើឡើង លោក Naftali Bennett នឹងកាន់តំណែង ជានាយករដ្ឋមន្ត្រី ៕ ប្រែសម្រួល៖ប៉ាង កុង