ព័ត៌មានអន្តរជាតិ

ចិនលុបចោល គោលនយោបាយ កំណត់គ្រួសារមួយ មានកូនពីរនាក់

បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួននឹងអនុញ្ញាត ឲ្យគ្រួសារមួយមានកូន ៣នាក់បាន ដោយនេះ គឺលុបចោលគោល នយោបាយកំណត់ ឲ្យគ្រួសារមួយមាន តែកូនពីរនាក់របស់ខ្លួន ស្របពេលដែលអត្រា កំណើតធ្លាក់ចុះ និង អត្រាវ័យចំណាស់កើន ។

រដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានប្រកាសនូវការគាំទ្រ របស់ខ្លួនឲ្យប្តីប្រពន្ធ មានកូន ៣នាក់នេះ នៅក្នុងអំឡុងកិច្ចប្រជុំ នៃអង្គភាពធ្វើការ សម្រេចចិត្ត ការិយាល័យនយោបាយរបស់ខ្លួន ដែលចូលរួមជាអធិបតីដោយ លោកប្រធានាធិបតី ស៊ី ជីនពីង ។

កាសែតចិន ស៊ីនហួ បាននិយាយដូច្នេះថា “ការអនុវត្តគោលនយោបាយ និងវិធានការគាំទ្រ ដែលពាក់ព័ន្ធនានារបស់វា នឹងជួយធ្វើឲ្យកាន់តែប្រសើរឡើង នូវការរចនាសម្ព័ន្ធប្រជាជន របស់ប្រទេសចិន ឆ្លើយតបយ៉ាង សកម្ម ទៅនឹងចំនួនប្រជាជនវ័យចំណាស់ និងអភិរក្សគុណសម្បត្តិ ធនធានមនុស្សរបស់ប្រទេស” ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរគោលនយោបាយចិន នៅថ្ងៃចន្ទនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានសន្ទុះ អត្រាកំណើតក្នុងប្រទេសយឺត ហើយជំរឿនប្រជាជន ដែលចេញនៅដើមខែនេះ បានបង្ហាញ នូវកំណើនប្រជាជន០,៥៣ភាគរយ ដែលជាកំណើនដ៏ទាបបំផុតរបស់ចិន ក្នុងពេលជាច្រើនទសវត្ស និងនូវការ បន្តធ្លាក់ចុះជាលំដាប់ពីចំនួន២,០៩ភាគរយ នៅក្នុងឆ្នាំ១៩៨២ នេះបើយោងតាមការិយាល័យ ស្ថិតិជាតិរបស់ប្រទេសចិន ៕
ប្រែសម្រួល៖ប៉ាង កុង

To Top