បរទេស ៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខា សន្ធិសញ្ញាពន្ធគយមួយ ដោយពិពណ៌នាការ ចុះហត្ថលេខានោះថា ជាការជំរុញមួយដល់ការ អភិវឌ្ឍពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្រោយបង្កើតចំណង មិត្តភាពប្រក្រតីវិញ កាលពីឆ្នាំមិញ ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុ សហភាពអារ៉ាប់រួម ធ្លាប់បាននិយាយនៅក្នុងខែតុលាថា ខ្លួនទើបបានធ្វើកិច្ចព្រមព្រៀង បឋមមួយ ជាមួយប្រទេសអ៊ីស្រាអែល ស្តីពីការបញ្ចៀសការយកពន្ធទ្វេដង ។
សន្ធិសញ្ញាពន្ធគយនេះ នៅពេលដែលទទួលបានសច្ចានុម័ត ពីរដ្ឋមន្ត្រីនិងរដ្ឋសភានៅក្នុងឆ្នាំនេះនោះ វានឹងជាសន្ធិសញ្ញាទី៥៩ របស់ប្រទេសអ៊ីស្រាអែល ហើយដាក់ឲ្យអនុវត្តជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា សន្ធិសញ្ញាពន្ធគយនេះ គឺជាសន្ធិសញ្ញាពន្ធគយទីមួយ ដែលបានធ្វើឡើង ក្រោយអ៊ីស្រាអែល បង្កើតចំណងមិត្តភាពប្រក្រតី ជាមួយប្រទេស សហភាពអារ៉ាប់រួម និងបារ៉ែនកាលពីឆ្នាំមិញ ហើយស្របគ្នានេះដែរ ប្រទេសអ៊ីស្រាអែល បានស្វះស្វែងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព ជាមួយប្រទេសម៉ារ៉ុក និងស៊ូដង់ ៕ ប្រែសម្រួល៖ប៉ាង កុង