ប៉េកាំង៖ ឧបនាយករដ្ឋមន្ត្រីចិនលោកលីវហេ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានផ្នែកចិននៃ កិច្ចពិភាក្សាសេដ្ឋកិច្ចចិន-អាមេរិក បានបើកកិច្ចពិភាក្សាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការជជែកជាវីដេអូជាមួយ លេខាធិការរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen នៅព្រឹកថ្ងៃពុធនេះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងរវាងមហាអំណាចចិន – អាមេរិក ពិតជាមានសារៈសំខាន់ណាស់ ក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាមានការប្រឈមមុខដាក់គ្នាលើបញ្ហាធំៗ ជាច្រើនទៀត។
ក្នុងស្មារតីសមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយ លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិង កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដោយបានផ្លាស់ប្តូរយោបល់គ្នា ដោយត្រង់ទៅលើបញ្ហាដែលមានការយកចិត្តទុកដាក់ទៅវិញ ទៅមកនិងបានបង្ហាញឆន្ទៈក្នុងការរក្សាការប្រាស្រ័យទាក់ទង។
ទំនាក់ទំនងរវាងមហាអំណាចអាមេរិក បានធ្លាក់ចុះជាលំដាប់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងបញ្ហាធំៗជាច្រើនទៀត ដែលប្រទេសទាំងពីរមិនទាន់អាចដោះស្រាយគ្នាបាន៕ដោយ ឈូក បូរ៉ា