កុងហ្គោ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យគ្មានព្រំដែន ហៅកាត់ថា (MSF)បានព្រមានថា ពលរដ្ឋជិត៥០០.០០០នាក់ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនមានទឹកស្អាតប្រើប្រាស់នោះទេ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើង ។
ក្រុមគ្រូពេទ្យបានឲ្យដឹងថា ដោយសារតែជំងឺអាសន្នរោគ ដែលកំពុងរាតត្បាត និងគំរាមកំហែងខ្លាំង ដែលបង្ខំឲ្យមានតម្រូវការចាំបាច់ ដើម្បីផ្តល់ដល់ពលរដ្ឋ នៅក្រុង Goma ភាគខាងកើតប្រទេស ដែលមិនមានទឹកប្រើប្រាស់ ប្រកបដោយសុវត្ថិភាព ។
ហាងស្តុកទឹក និងបំពង់នាំទឹក ត្រូវបានខូចខាត នៅគ្រាដែលភ្នំភ្លើង Mount Nyiragongo បានផ្ទុះឡើងកាលពីថ្ងៃទី២២ ខែឧសភា ។
ពលរដ្ឋរាប់ពាន់នាក់ នៅតែមិនទាន់អាចវិលត្រឡប់ ទៅផ្ទះរបស់ពួកគេវិញនៅឡើយទេ។
លោក Magali Roudaut ប្រធានបេសកកម្មក្រុមគ្រូពេទ្យគ្មានព្រំដែន បានលើកឡើងថា “យើងកំពុតែធ្វើការវាយតម្លៃ ទៅលើតម្រូវការបន្ទាន់ របស់ពលរដ្ឋដែលធ្វើការផ្លាស់ទីលំនៅ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ” ។
ក្រុមការងារ MSF បានឲ្យដឹងថា “យើងទាមទារជំរុញឲ្យមានការគាំទ្រ ពីសំណាសក់អង្គការមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋទាំងនោះ” ។
“ពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគេ បានសម្រាកនៅក្នុងសាលារៀន តាមព្រះវិហារ វិហារឥស្លាម និងប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានា ដែលមានចន្លោះពី១០០.០០០នាក់ និង១៨០.០០០នាក់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា