បរទេស ៖ នៅក្នុងសុន្ទរកថា ដំបូងរបស់លោក ចាប់តាំងពីបង្កើត សម្ព័ន្ធរដ្ឋាភិបាល ដែលទំនងជា នឹង ដកលោកចេញ ពីតំណែងនោះ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើការថ្កោលទោស ចំពោះសម្ពន្ធភាព ចែករំលែកអំណាច នៅថ្ងៃព្រហស្បតិ៍នេះ ។
នៅថ្ងៃពុធសប្ដាហ៍នេះ សមាជិករដ្ឋសភា មកពីបក្សប្រឆាំងបាននិយាយថា ពួកគេបានយល់ស្របគ្នា ចំពោះកិច្ចព្រមព្រៀង បែងចែកអំណាច ដែលនឹងដកលោក Netanyahu ចេញពីតំណែង ជានាយករដ្ឋមន្ត្រី ដែលនោះនឹងជាការ ផ្លាស់ប្តូរភាពដឹកនាំដំបូងរបស់ អ៊ីស្រាអែល ក្នុងរយៈពេលជាងមួយ ទសវត្សកន្លងមក ។
សម្ព័ន្ធរដ្ឋាភិបាល ជាបឋមនឹងលើកមេដឹកនាំបក្ស Yamina Party គឺលោក Naftali Bennett ឲ្យកាន់តំណែងនាយករដ្ឋមន្ត្រី ជំនួសលោក Netanyahu ក្នុងរយៈពេល២ឆ្នាំ បន្ទាប់មកក៏ផ្ទេរតំណែងនេះឲ្យទៅលោក Yair Lapid ជាមេគណបក្ស Yesh Atid Party ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្នានេះ ត្រូវការការអនុម័ត យល់ព្រមទាំងស្រុងពីរដ្ឋសភា អ៊ីស្រាអែល ប៉ុន្តែនោះអាចធ្វើឡើង បានក្នុងពេលពីរសប្ដាហ៍៕
ប្រែសម្រួល៖ប៉ាង កុង