Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល កើនឡើងដល់ជិត ៤៧ម៉ឺននាក់ហើយ

រីយ៉ូ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១,៦៨២ នាក់បន្ថែមទៀតពីការស្លាប់ ដោយសារ ជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួន អ្នកស្លាប់សរុបទូទាំងប្រទេស កើនឡើងដល់ ៤៦៩,៣៨៨ នាក់។

យោងតាមការចុះផ្សាយ របស់ទីភ្នាល់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា ក្រសួងបញ្ជាក់ថាសរុប ករណី ឆ្លងថ្មីមានចំនួន ៨៣,៣៩១ នាក់ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៦,៨០៣,៤៧២ នាក់។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា។

ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មី ដែលមន្ទីរពេទ្យត្រូវបានគ្របដណ្ដប់ដោយអ្នកជំងឺ។ ប្រទេសប្រេស៊ីលឥឡូវនេះមានអត្រាមរណភាព ២២៣ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។

បណ្តាញសារព័ត៌មានបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំង ដល់ប្រជាជនចំនួន ៦៩,៦ លាននាក់ហើយ៕

ដោយ ឈូក បូរ៉ា

To Top