វ៉ាស៊ៅនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Benjamin Gantz កាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់អ៊ីស្រាអែល។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងលោក Gantz បានពិភាក្សាអំពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនិងការប្តេជ្ញាចិត្តដ៏រឹងមាំ ចំពោះសន្តិសុខរបស់អ៊ីស្រាអែល នេះបើយោងតាមការចេញផ្សាយដោយក្រសួងការបរទេស។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា“ លោករដ្ឋមន្រ្តីបានបញ្ជាក់សារសំខាន់នៃការលើកកម្ពស់សន្តិភាព និងសន្តិសុខ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន ដូចគ្នានិងគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន” ។

លោក Blinken ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ និងស្តារឡើងវិញនៅតំបន់ហ្គាហ្សាស្រ្ទីប។
លោក Gantz បានប្រាប់ក្រុមអ្នកយកព័ត៌មានមុនពេលកិច្ចប្រជុំថា “ដរាបណាតំបន់ហ្គាហ្សាមានការព្រួយបារម្ភ យើងពិតជាស្វែងរកស្ថេរភាពនិងវិបុលភាពសម្រាប់អ្នករាល់គ្នា”។
គួរបញ្ជាក់ថា ប្រមុខមន្ទីរប៉ង់តាហ្គោន គឺលោក Lloyd Austin និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានជួបជាមួយលោក Gantz ដាច់ដោយឡែកពីគ្នានៅថ្ងៃដដែលនោះផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Gantz បានកើតឡើងនៅពេលដែលក្រុមប្រឆាំងរបស់អ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលនឹងបញ្ចប់ការគ្រប់គ្រងរយៈពេល ១២ ឆ្នាំរបស់នាយករដ្ឋមន្រ្តីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ៕
ដោយ ឈូក បូរ៉ា
