បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រថា ប្រទេសជប៉ុន បានសម្តែងការត្រៀមខ្លួន ជាស្រេច ក្នុងការបញ្ជូន វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ប្រភេទ AstraZeneca ចំនួនជាងមួយលានដូស ដោយមិនគិតថ្លៃ ដល់កោះតៃវ៉ាន់ តាមការស្នើសុំ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Motegi នៅក្នុងសន្និសីទសារព័ត៌មានថា « ឆ្លើយតបទៅនឹងសំណើ របស់កោះតៃវ៉ាន់, ជប៉ុននឹងផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ១,២៤ លានដូស ដោយមិនគិតថ្លៃ ។ ក្នុងកំឡុងពេលរញ្ជួយដី នៅជប៉ុន ប្រជាជនតៃវ៉ាន់ ស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលបានឆ្លើយតប និង បាននាំគ្នាបញ្ជូនជំនួយ មកជប៉ុន នេះជាភាពស្រស់ថ្លា នៅក្នុងការចងចាំ របស់យើង។ ដូច្នេះហើយ យើងបញ្ជូនវ៉ាក់សាំងនេះ ជាសញ្ញានៃភាពជាដៃគូ សំខាន់និងមិត្តភាពនេះ។
រដ្ឋាភិបាលជប៉ុន បានធ្វើកិច្ចសន្យារួចហើយ សម្រាប់វ៉ាក់សាំង ១២០ លានដូសរបស់ក្រុមហ៊ុន AstraZeneca ប៉ុន្តែបានសំរេចចិត្ត មិនចាក់ថ្នាំបង្ការនេះ នៅទូទាំងប្រទេស ដោយសារតែរបាយការណ៍ នៃការកកឈាម៕
ប្រែសម្រួលៈ ណៃ តុលា