បរទេស៖ ប្រមុខនៃទីភ្នាក់ងារសន្តសុខ ក្នុងស្រុករបស់ប្រទេសអ៊ីស្រាអែល បានចេញនូវការព្រមានដ៏កម្រមួយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្តីពីភាពអាចកើតមានអំពើហិង្សា នៅក្នុងអំឡុងពេលមានការចោទប្រកាន់ ផ្នែកនយោបាយដ៏ខ្លាំងបំផុត ក្នុងពេលជាច្រើនទសវត្ស ដោយប្រទេសជិតឈានដល់ ការដកតំណែងនាយករដ្ឋមន្ត្រីពីលោក Benjamin Netanyahu។
លោក Netanyahu នាពេលបច្ចុប្បន្ន កំពុងតែប្រឈមមុខភាព អាចបញ្ចប់ការកាន់តំណែង នាយករដ្ឋមន្ត្រីរយៈពេល ១២ឆ្នាំរបស់លោក ក្រោយមេដឹកនាំបក្សប្រឆាំង លោក Yair Lapid បានប្រកាសនៅថ្ងៃពុធថា លោកបានទទួលជោគជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែមីនា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ជាក់ឈ្មោះអ្នកណាម្នាក់នោះ លោក Nadav Argaman ជាប្រធានកម្លាំងសន្តិសុខ Shin Bet បាននិយាយយ៉ាងដូច្នេះថា “យើងនៅពេលថ្មីៗនេះបានកំណត់ ឃើញមានការកើនឡើងនៃការថ្លែង ប្រកបដោយហិង្សានិងការញុះញង់ ជាពិសេសនោះគឺនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គម”។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តទៀតដូច្នេះថា “ការថ្លែងនេះ អាចត្រូវបានគេបកស្រាយ នៅក្នុងចំណោមក្រុមជាក់លាក់ ឬក៏បុគ្គលថា ជាទង្វើមួយអនុញ្ញាតឲ្យមាន សកម្មភាពហិង្សាខុសច្បាប់ ដែលថែមទាំងអស់បង្កប៉ះពាល់ ដល់រាងកាយផងដែរ” ៕
ប្រែសម្រួល៖ ប៉ាង កុង