ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា បើកភ្លើងខៀវ​ ឱ្យផលិតនាវាមុជទឹក បន្ថែមទៀត ចំពេលចិនបង្កើន វត្តមានទ័ពជើងទឹក នៅមហាសមុទ្រឥណ្ឌា

បរទេស ៖ នៅឆ្នាំ ១៩៩៩ ប្រទេសឥណ្ឌាបានអនុម័តលើផែនការ សាងសង់នាវាមុជទឹក រយៈពេល ៣០ ឆ្នាំ សម្រាប់ការផ្គត់ផ្គង់នាវាមុជទឹក ចំនួន ២៤គ្រឿង ។ ពេលនេះ ក្រសួងការពារជាតិ ឥណ្ឌា បានកែសម្រួលផែនការ របស់ខ្លួន បន្ទាប់ពីបានមើលឃើញ ពីវត្តមានកាន់តែកើនឡើង នៃកងទ័ពជើងទឹកចិន នៅក្នុងតំបន់ មហាសមុទ្រឥណ្ឌា ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមប្រឹក្សាលទ្ធកម្មការពារជាតិ របស់ប្រទេសឥណ្ឌា បានបើកភ្លើងខៀវ នូវសំណើអាយុកាល ២២ ឆ្នាំ ដើម្បីសាងសង់នាវាមុជទឹក ដើរដោយថាមពលអគ្គីសនី ម៉ាស៊ូតចំនួន ៦ គ្រឿង ជាមួយនឹងបច្ចេកវិទ្យា រុញខ្យល់ ក្នុងតម្លៃប្រមាណ ៧ ពាន់លានដុល្លារ ។ រដ្ឋមន្រ្តីក្រសួង ការពារជាតិឥណ្ឌា លោក Rajnath Singh បាននិយាយថា ដោយមានការយល់ព្រមនេះ ឥណ្ឌានឹងអាចអនុវត្តកម្មវិធីសាងសង់ នាវាមុជទឹករយៈពេល ៣០ ឆ្នាំរបស់ខ្លួន និងទទួលបាននូវសមត្ថភាពជាតិ ក្នុងការកសាងនាវាបែបនេះ ។

គំរូភាពជាដៃគូយុទ្ធសាស្រ្ត បញ្ជាក់ពីកិច្ចសហការរវាងក្រុមហ៊ុន ផលិតនាវាការពារឯកជនមួយ របស់ឥណ្ឌា និងក្រុមហ៊ុនផលិតបរទេស។ ប្រភពពីខាងរដ្ឋាភិបាល នៅទីក្រុងញូវដេលីបាននិយាយថា ការដេញថ្លៃសម្រាប់គម្រោង ដែលបានអនុម័ត នឹងត្រូវចេញឆាប់ៗនេះ។

ក្រសួងការពារជាតិ របស់ប្រទេសឥណ្ឌា បានចុះបញ្ជីក្រុមហ៊ុនផលិតកប៉ាល់ ក្នុងស្រុកចំនួន ២ រួចហើយគឺក្រុមហ៊ុន Mazagon Dock Shipbuilders Limited និងក្រុមហ៊ុនឯកជន Larsen & Toubro ដើម្បីសហការជាមួយ ក្រុមហ៊ុនផលិតគ្រឿងបរិក្ខារ ដើមនៅបរទេសចំនួន ៥៕

ប្រែសម្រួលៈ ណៃ តុលា

To Top