ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែយូអិនឃើញសញ្ញាបង្ហាញ អំពីការងារព្លុយតូញ៉ូម នៅកូរ៉េខាងជើង

បរទេស៖ទីភ្នាក់ងារឃ្លាំមើលអាតូមិក របស់អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានឃើញសញ្ញាបង្ហាញក្នុងប្រទេសកូរ៉េខាងជើង អំពីការងារកែច្នៃ ដើម្បីបំបែកសារធាតុព្លុយតូញ៉ូមចេញពីឥន្ធនៈអេរ៉ាក់ទ័រ ដែលអាចយកទៅប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែ នេះបើតាមសម្តីរបស់ប្រធានទីភ្នាក់នោះបាន និយាយនៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ មិនបានចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាំងពីទីក្រុងព្យុងយ៉ាងបានដេញមន្ត្រីត្រួតពិនិត្យរបស់ទីភ្នាក់ងារ នៅក្នុងឆ្នាំ២០០៩មក ហើយប្រទេសនេះ បានបន្តទៅមុខជាមួយកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ព្រមទាំងបានបន្តធ្វើតេស្តនុយក្លេអ៊ែផងដែរ៕

ប៉ុន្តែបច្ចុប្បន្ននេះ ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ IAEA មានមូលដ្ឋាននៅក្នុងទីក្រុងវីយេននេះ នៅតែបន្តឃ្លាំមើលសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងនៅទីតាំងនានា រួមទាំងទីតាំងនុយក្លេអ៊ែដ៏ធំ Yongbyon របស់ប្រទេសនេះពីចម្ងាយ ដោយប្រើប្រាស់ជាចម្បងនូវរូបភាពពីផ្កាយរណប។

លោក Rafael Grossi ជាអគ្គនាយកនៃទីភ្នាក់ងារ IAEA នេះ បានមានប្រសាសន៍ថា ចំហាយនៅតែបន្តភាយចេញពីរោងចក្រមួយកន្លែង ដែលគេប្រើប្រាស់ជាមន្ទីរពិសោធន៍កែច្នៃ នៅក្នុងទីក្រុងព្យុងយ៉ាង ចាប់តាំងពីលោកបានរាយការណ៍ថា វាបានលេចឡើង នៅក្នុងកិច្ចប្រជុំមុន៕ប្រែសម្រួល៖ប៉ាង កុង

To Top