បរទេស៖ ទីក្រុងធំៗក្នុងប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បានបើកសម្រាប់ពាណិជ្ជកម្ម ឡើងវិញនៅថ្ងៃចន្ទនេះ ដោយមានមនុស្សតម្រង់ជួរ ដើម្បីជិះរថយន្តក្រុងនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺទីក្រុងម៉ុមបៃ ស្របពេលដែលចរាចរណ៍ បានវិលត្រឡប់មានសកម្មភាពវិញ នៅតាមដងផ្លូវក្នុងទីក្រុងញូដេលី ក្រោយទទួលរងរលកទីពីរ នៃមេរោគកូរ៉ូណា ដែលបានសម្លាប់មនុស្សរាប់សែននាក់ ។
ករណីឆ្លងថ្មីចំនួន ១០០.៦៣៦កក្នុងពេល ២៤ម៉ោងកន្លងទៅ គឺជាចំនួនដ៏ទាបបំផុត នៅក្នុងប្រទេសមានប្រជាជនច្រើន បំផុតលំដាប់ទី២លើពិភពលោកនេះ គិតចាប់តាំងពីថ្ងៃទី៦ ខែមេសាមក និងការបានធូរស្បើយពីសន្ទុះ កើនខ្ពស់កាលពីខែមុន ដែលមានចំនួនជាង ៤០០.០០០ករណី ជាហេតុអនុញ្ញាតឲ្យអាជ្ញាធរ បើកឡើងវញនូវផ្នែកនៃសេដ្ឋកិច្ច ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Arvind Kejriwal ជាអភិបាលក្រុងញូដេលី បានមានប្រសាសន៍លើ បណ្ដាញសង្គមធ្វីតធ័រយ៉ាងដូច្នេះថា “យើងត្រូវតែសង្គ្រោះខ្លួនយើងចេញពីការឆ្លង ប៉ុន្តែក៏ត្រូវនាំសេដ្ឋកិច្ច វិលត្រឡប់មកវិញផងដែរ”។
លោកបានបញ្ជាឲ្យពាក់កណ្ដាល នៃហាងក្នុងទីក្រុងញូដេលីបើកដំណើរដំណើរការ នៅថ្ងៃលេខសេស និងថ្ងៃលេខគូនៃខែផ្សេងៗគ្នា ក្នុងគោលបំណងកំណត់ កម្រិតចំនួនហ្វូងមនុស្ស ប៉ុន្តែបានអនុញ្ញាតការិយាល័យ និងផ្លូវដែកក្រោមដីនៃទីក្រុងញូដេលី ដំណើរការក្នុងកម្រិត ៥០ភាគរយ ៕
ប្រែសម្រួល៖ ប៉ាង កុង