ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន២០នាក់ត្រូវបានសម្លាប់ និង០៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានរន្ទះបាញ់ កាលពីថ្ងៃចន្ទ នៅតំបន់ផ្សេងៗគ្នា នៅរដ្ឋ West Bengal ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា ។
ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ពីស្រុកខុសៗគ្នាចំនួន០៣ នៃរដ្ឋខាងលើ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា “មនុស្សចំនួន០៩នាក់ត្រូវបានស្លាប់នៅស្រុក Murshidabad ហើយ០៩នាក់ផ្សេងទៀត នៅស្រុក Hooghly និង០២នាក់ផ្សេងទៀតនៅស្រុក Purba Medinipur ដោយសាររន្ទះបាញ់” ។
មនុស្ស០៣នាក់ផ្សេងទៀតក៏បានរងរបួសដោយសាររន្ទះបាញ់នៅក្នុងស្រុក Murshidabad ។
ក្រុមមន្ត្រីបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។
នាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់ចុះខ្លាំង ដោយមានលាយឡំនឹងព្យុះផ្គររន្ទះ និងរន្ទះបាញ់ នៅក្នុងស្រុកមួយចំនួន នៅក្នុងនោះក៏រាប់បញ្ចូលទាំងរដ្ឋធានី Kolkata ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា