បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីតួកគី លោក Tayyip Erdoganនឹងជួបពិភាក្សាគ្នា ស្តីពីបញ្ហាប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងបញ្ហាក្នុងតំបន់នានា នៅសប្ដាហ៍ក្រោយ ហើយក៏នឹងពិនិត្យ មើលការខ្វែងគំនិតគ្នាសំខាន់ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងអង់ការ៉ា ផងដែរ។
ថ្លែងនៅក្នុង សន្និសីទកាសែត នៅសេតវិមាន ទីប្រឹក្សាសន្តិសុខ ជាតិអាមេរិក លោក Jake Sullivan បានមានប្រសាសន៍ថា បញ្ហាសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ស៊ីរី អ៊ីរ៉ង់ ក៏ដូចជាតួនាទី ដែលតួកគីនឹងធ្វើ នៅក្នុងបញ្ហា អាហ្វហ្គានីស្ថាន ស្របពេលដែលការដកទ័ពអាមេរិក ចេញពីប្រទេសនេះ នឹងជាផ្នែក នៃរបៀបវារៈដ៏ទូលំទូលាយ។
ក្រៅពីនោះ កិច្ចប្រជុំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ក្រៅជំនួបកំពូលណាតូ ក្នុងទីក្រុងព្រួចសែល ក៏នឹងពិនិត្យឡើងវិញនូវចំណងមិត្តភាពប្រទេសទាំងពីរ និងស្វែងរកផ្លូវដែលអាមេរិកនិងតួកគី នឹងដោះស្រាយ ជាមួយការខ្វែងគំនិតគ្នាខ្លះៗ របស់ពួកគេ ស្តីពីតម្លៃនិងសិទ្ធិមនុស្ស ព្រមទាំងបញ្ហាដទៃទៀត។
លោក Jake Sullivan បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន ស្គាល់លោក Erdogan យ៉ាងច្បាស់ បុរសទាំងពីរ បានចំណាយពេលវេលាដ៏ល្អ ជាមួយគ្នាជាច្រើន ហើយពួកលោកទាំងពីរ ខ្ញុំគិតថា កំពុងទន្ទឹងរង់ចាំ ឱកាសបំពេញការងារពិត ដូចជាឱកាសពិនិត្យមើលឡើងវិញ នូវទំហំចំណងមិត្តភាពដ៏ពេញលេញ”៕
ប្រែសម្រួល៖ប៉ាង កុង
