បរទេស៖ បញ្ជាការដ្ឋានប្រព័ន្ធអាកាស របស់កងទ័ពជើងទឹក អាមេរិកនិងប៊ូអ៊ីង បានប្រកាស កាលពីថ្ងៃច័ន្ទថា គំរូដើម T-1 នៃយន្តហោះ MQ-25A Stingray របស់កងទ័ពជើងទឹកអាមេរិក បានទទួលជោគជ័យ លើការចាក់សាំង នៅពាក់កណ្តាលអាកាសដំបូង របស់យន្តហោះចម្បាំង តាមរយៈយន្តហោះ គ្មានមនុស្សបើក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការធ្វើតេស្តប្រភេទដំបូង បានធ្វើឡើង នៅអាកាសយានដ្ឋាន MidAmerica ក្នុងទីក្រុង Mascoutah រដ្ឋ Illinois កាលពីសប្តាហ៍មុន។
វីដេអូដែលបានផ្សព្វផ្សាយ នៅសប្តាហ៍នេះ បង្ហាញពីយន្តហោះចម្បាំងគំរូ យន្តហោះគ្មានមនុស្សបើក ដែលបានចាក់សាំងបន្ថែម នៅកណ្តាលអាកាស ដល់យន្តហោះចម្បាំង F / A-18 Super Hornet ។
Stingray ត្រូវបានគេមើលឃើញ ពង្រីកបំពង់និងឌុយរបស់ខ្លួន ដើម្បីបញ្ជូនប្រេង ទៅឱ្យយន្តហោះចម្បាំង។ ការធ្វើសមយុទ្ធនេះ តម្រូវឱ្យមានចម្ងាយ ២០ ហ្វីត (៦,១ ម៉ែត្រ) ដាច់ដោយឡែកពីគ្នា រវាងយន្តហោះ គ្មានមនុស្សបើក និង យន្តហោះ Super Hornet ៕
ប្រែសម្រួលៈ ណៃ តុលា
