វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃិន បានទៅដល់ចក្រភពអង់គ្លេសហើយ កាលពីល្ងាចថ្ងៃពុធ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់លោកចាប់តាំងពីលោកបានឈ្នះឆ្នោតចូលកាន់តំណែងជាប្រធានាធិបតី។
លោកត្រូវបានគេរំពឹងថា នឹងជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង៧ (G7) នៅរមណីយដ្ឋានភាគនិរតីនៃចក្រភពអង់គ្លេស នៃឆ្នេរសមុទ្រ Carbis Bay នៅ Cornwall ។
មេដឹកនាំមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិកកាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី រួមទាំងសហភាពអ៊ឺរ៉ុប នឹងប្រមូលផ្តុំគ្នានៅថ្ងៃសុក្រស្អែកនេះ សម្រាប់កិច្ចប្រជុំកំពូល G7 ដោយផ្ទាល់លើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ដែលផ្អាកដោយសារជំងឺកូវីដ-១៩។
ប្រទេសអង់គ្លេស ដែលកាន់តំណែងជាប្រធានប្តូរវេន G7 ក៏បានអញ្ជើញអូស្រ្តាលី ឥណ្ឌា សាធារណរដ្ឋកូរ៉េ និងអាហ្វ្រិកខាងត្បូង ជាប្រទេសភ្ញៀវចូលរួមកិច្ចប្រជុំរយៈពេល ៣ ថ្ងៃផងដែរ។ ការងើបឡើងវិញនៃសេដ្ឋកិច្ច ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ – ១៩ និងការផ្លាស់ប្តូរអាកាសធាតុ ត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំកំពូលលោក បៃដិន និងភរិយាលោកស្រី Jill Biden គ្រោងនឹងជួបជាមួយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II មុនពេលធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូនិងសហភាពអឺរ៉ុប – សហរដ្ឋអាមេរិក។ បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន៕
ដោយ ឈូក បូរ៉ា