បរទេស៖ អាជ្ញាធរសុខាភិបាល ប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤៣ នាក់ទៀត នៅថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសថៃកើនដល់ ១ ៣៧៥ នាក់ និងរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៣១០ នាក់ទៀត ដូច្នេះករណីឆ្លងវីរុសនៅប្រទេសថៃ សរុប ចាប់តាំងពីការឆ្លងរាលដាល គឺបានកើនឡើងដល់ ១៨៧ ៥៣៨ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-19 បាននិយាយថា អ្នកស្លាប់ថ្មីទាំង ៤៣ នាក់មានអាយុចន្លោះពី ២៥ ទៅ ៩១ ឆ្នាំ ដោយ ៣១នាក់ ជាបុរស និងស្ត្រី ១២ នាក់។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសរុបទាំង ១៨៧ ៥៣៨ នាក់ គឺអ្នកជំងឺចំនួន ១៣៩ ២៨៧ នាក់បានជាសះស្បើយ ហើយរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺមានអ្នកជំងឺ ៣ ០៣៥ នាក់ បានជាសះស្បើយ នៅសល់អ្នកជំងឺ ៤៦ ៨៧៦ នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ៕
ប្រែសម្រួលៈ ណៃ តុលា