បរទេស៖ យោងតាមនាយកដ្ឋាន វិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS ) របស់ប្រទេសថៃ បានអោយដឹងថា ស្ទើរតែ ៩០% នៃករណីឆ្លងថ្មីវីរុស ដែលរកឃើញ នៅក្នុងប្រទេសថៃ គឺជាវីរុសដែលបំលែងខ្លួនថ្មី Alpha ដែលត្រូវបាន រកឃើញដំបូង នៅចក្រភពអង់គ្លេស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Supakit Sirilak អគ្គនាយក នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS ) បាននិយាយថា ការសិក្សាលើករណីឆ្លងចំនួន ៤ ១៨៥ នៅក្នុងប្រទេសថៃ ដែលបានសហការជាមួយមន្ទីរពិសោធន៍សាកលវិទ្យាល័យចាប់ពីខែមេសាដល់ខែមិថុនា បានរកឃើញថា វីរុសបំលែងខ្លួនថ្មី Alpha បានឆ្លងរាលដាលដល់មនុស្សភាគច្រើនគឺ ៣ ៧០៣ នាក់ ឬ ៨៨,៤៨ ភាគរយ។
មានតែករណីឆ្លង ៣៤៨ ករណី ឬ ៨,៣២% ប៉ុណ្ណោះ ត្រូវបានគេរកឃើញថាជា វីរុសបំលែងខ្លួនថ្មី Delta បានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ។
ដូចគ្នានេះផងដែរ ២៦ ករណីឆ្លង ឬ ០,៦២% គឺជាវីរុសបំលែងខ្លួនថ្មី Beta ដែលត្រូវបានរកឃើញដំបូងនៅទ្វីបអាហ្រ្វិកហើយនៅសល់ ១០ ករណីឬ ០,២៤% គឺជាប្រភេទ B.1.524 ៕
ប្រែសម្រួលៈ ណៃ តុលា