សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោកបានឲ្យដឹងនៅក្នុង សក្ខីកម្មជាលាយលក្ខណ៍អក្សរ ផ្ញើទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក មុនពេលបើកសវនាការថា “ក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ និងជាមួយមហិច្ឆតា ដើម្បីវាយប្រហារលើទឹកដីកំណើតអាមេរិក” និងលើកសំណើរបស់ ក្រសួងការពារជាតិនូវថវិកាចំនួន ៧១៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការ ចម្រុះក៏បានឯកភាពថា កូរ៉េខាងជើង បង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកផងដែរ។
លោកបានលើកឡើងថា កូរ៉េខាងជើង “បន្តបង្កើនសមត្ថភាពមីស៊ីលផ្លោងរបស់ខ្លួន និងមានសមត្ថភាពបច្ចេកទេស ដើម្បីបង្ហាញពីគ្រោះថ្នាក់ពិតប្រាកដ ដល់មាតុភូមិសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់យើង នៅទូទាំងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក” ។
នៅក្នុងសក្ខីកម្មផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ Mark Milley បានបន្ថែមថា“ ពួកគេមិនបង្ហាញសញ្ញានៃការសម្របសម្រួល ក្នុងការផ្តោតអារម្មណ៍ ទៅលើសមត្ថភាពយោធា ដោយការចំណាយរបស់ពលរដ្ឋ ដែលងាយរងគ្រោះបំផុត និងសន្តិភាពនៃឧបទ្វីបកូរ៉េនោះទេ” ។
ជាមួយគ្នានេះដែរលោក Austin បានលើកឡើងថា សហរដ្ឋអាមេរិកនឹងដាក់ការទូត ជាអាទិភាពក្នុងការដោះស្រាយ ការគំរាមកំហែងពីកូរ៉េខាងជើង ប៉ុន្តែបានទទូចឱ្យរក្សាបាន នូវការរាំងស្ទះផ្នែកយោធា ដែលចាំបាច់ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងបែបនេះ ៕
ដោយ ឈូក បូរ៉ា