ព័ត៌មានអន្តរជាតិ

ចិនរំឭកកូរ៉េខាងត្បូង មិនឲ្យចូលពាក់ព័ន្ធ ក្នុងជម្លោះអាមេរិក

បរទេស៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងសេអ៊ូលគួរតែធ្វើការពិចារណា ដល់ទស្សនៈ របស់ប្រទេសចិន លើបញ្ហាដែនសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ នៅថ្ងៃតែមួយ ដែលក្រសួងការបរទេសចិន បានធ្វើការថ្កោលទោស ចំពោះគោលនយោបាយអាមេរិក ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកឯកអគ្គរដ្ឋទូតចិន Xing Haiming បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា ចំណងមិត្តភាពដ៏ល្អរវាង ចិននិងកូរ៉េក្នុងរយៈពេល៣០ឆ្នាំកន្លងមក មិនគួររងផលប៉ះពាល់ ដោយសារតែផ្នត់គំនិត សម័យសង្គ្រាមត្រជាក់នោះទេ ដោយសំដៅដល់គោល ជំហផ្លូវការរបស់ចិន ចំពោះគោលនយោបាយ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីមុន លោក Xing Haiming ក៏ធ្លាប់រិះគន់សេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូលអាមេរិកនិងកូរ៉េខាងត្បូង ចេញកាលពីខែមុន ដែលសង្កត់ធ្ងន់លើ សារៈសំខាន់ នៃការរក្សាសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ស្ថិតក្រោមគោលនយោបាយ ប្រទេសចិនតែមួយ ទីក្រុងប៉េកាំង មិនទទួលស្គាល់អធិបតេយ្យភាព តៃវ៉ាន់ នោះទេ។

មន្ត្រីការទូតចិនរូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ចំណងមិត្តភាពរវាង សហរដ្ឋអាមេរិកនិងប្រទេសចិន គឺមិនល្អនោះទេ ហើយបានចោទទីក្រុងវ៉ាស៊ីនតោន ពីបទធ្វើការឡោមព័ទ្ធ និងដាក់សម្ពាធលើ ប្រទេសរបស់លោក៕

ប្រែសម្រួល៖ប៉ាង កុង

To Top