យូអិន៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អំពើហឹង្សាកំពុងរាលដាលពាសពេញប្រទេសមីយ៉ាន់ម៉ា ដោយព្រមានថា ប្រទេសនេះបានធ្លាក់ចូលក្នុងមហន្តរាយសិទ្ធិមនុស្ស ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
ដោយចង្អុលបង្ហាញអំពីការកសាងកម្លាំងយោធានៅក្នុងតំបន់ជាច្រើននៃប្រទេសនេះ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បានអំពាវនាវឱ្យបញ្ឈប់នូវអំពើហឹង្សា ដែលកំពុងកើតមានរួចទៅហើយ ដើម្បីបញ្ចៀសការបាត់បង់ជីវិត និងភាពបន្ទាន់ផ្នែកមនុស្សធម៌កាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ក្នុងរយៈពេលតែជាង ៤ ខែនេះ ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាប្រទេសប្រជាធិបតេយ្យដែលផុយស្រួយ ទៅជាមហន្តរាយសិទ្ធិមនុស្ស” ។
លោកស្រីបានបន្ដថា ប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីឧត្តមសេនីយ៍លោក មីន អ៊ុងឡាំង បានទម្លាក់មេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញនៅថ្ងៃសុក្រនេះ ចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបាន ដែលបង្ហាញថាយ៉ាងហោចណាស់មានជនស៊ីវិល ៨៦០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដ៏ឃោរឃៅមួយ ដោយកម្លាំងសន្តិសុខនៅលើការតវ៉ាស្ទើរតែរាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារ៕
ដោយ ឈូក បូរ៉ា