ប៉េកាំង៖ អ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក Yang Jiechi បានសម្តែងការមិនពេញចិត្ត យ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ទៅកាន់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ជុំវិញទ្រឹស្តីដែលថា មេរោគឆ្លងកូវីដ-១៩នេះ អាចលេចចេញដោយចៃដន្យ ពីមន្ទីរពិសោធន៍មួយនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។
ទ្រឹស្តីដែលត្រូវបានជំរុញដោយ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្មីៗនេះទទួលបានការចាប់អារម្មណ៍ជាថ្មី ដោយអ្នកស្នងដំណែងរបស់លោក គឺលោក ចូ បៃដិន បានស្នើសុំឱ្យសហគមន៍ស៊ើបការណ៍ “ស្វែងរក” កិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីស៊ើបអង្កេតប្រភពដើមនៃវីរុសនេះ។
លោកត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា បានប្រាប់ទៅលលក Blinken ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រថា ប្រទេសចិនបានជំទាស់ដាច់ខាត ចំពោះរាល់សកម្មភាពគួរឲ្យស្អប់ខ្ពើម ណាមួយដែលប្រើជំងឺរាតត្បាង ដើម្បីបង្កាច់បង្ខូចប្រទេសចិន។
លោកយ៉ាង ដែលជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សា រដ្ឋបានលើកឡើងថា“ មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក បានប្រឌិត និងផ្សព្វផ្សាយរឿង មិនសមហេតុផលបែបនេះ” ។
អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានលើកកម្ពស់ទ្រឹស្តីដែលថាវីរុសនេះ អាចនឹងត្រូវបានរកឃើញនៅវិទ្យាស្ថានវូហាន ដោយអះអាងថាអ្នកស្រាវជ្រាវ មួយចំនួននៅទីនោះ បានវិវត្តរោគសញ្ញា ដែលមានលក្ខណៈស្របគ្នា ជាមួយជំងឺកូវីដ-១៩ នៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៩ ។
ជាមួយគ្នានេះដែរប្រទេសចិន បានអះអាងថាការសិក្សារួមគ្នា របស់អង្គការសុខភាពពិភពលោក និងប្រទេសចិន ស្តីពីដើមកំណើតនៃវីរុស បានសន្និដ្ឋានថា វាពិតជាមិនទំនងដែលថា វីរុសនេះបានលេចធ្លាយ ចេញពីមន្ទីរពិសោធន៍នោះទេ ៕
ដោយ ឈូក បូរ៉ា