វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់ការអបអរសាទរដល់លោក Naftali Bennett ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់អ៊ីស្រាអែល ខណៈភាពតានតឹង នៅមិនទាន់ធូរស្បើយ នៅឡើយទេ រវាងទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
យោងតាមសេចក្តីថ្លែងការណ៍ របស់សេតវិមានបានឱ្យដឹងថា នៅក្នុងការជជែកតាមទូរស័ព្ទជាមួយលោក Naftali Bennett លោកប្រធានាធិបតី បានលើកឡើងពីការគាំទ្រ ជាច្រើនទសវត្សរ៍របស់លោក ចំពោះទំនាក់ទំនងទ្វេភាគី និងការប្តេជ្ញាចិត្តឥតឈប់ឈរ ចំពោះសន្តិសុខរបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា មេដឹកនាំទាំងពីរបានព្រមព្រៀង ពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធលើបញ្ហាសន្តិសុខ ក្នុងតំបន់រួមទាំងបញ្ហាអ៊ីរ៉ង់ផងដែរ។
លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា រដ្ឋបាលរបស់លោក មានបំណងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល លើកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញសន្តិភាពសន្តិសុខ និងវិបុលភាពសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។
លោក Naftali Bennett មេដឹកនាំគណបក្សស្តាំនិយមយ៉ាមីណា (United Right) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មីកាលពីយប់ថ្ងៃអាទិត្យ ដោយបញ្ជូនអតីតនាយករដ្ឋមន្រ្តីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទៅក្រុមប្រឆាំងវិញ បន្ទាប់ពីមានការគ្រប់គ្រងរយៈពេល ១២ ឆ្នាំ៕
ដោយ ឈូក បូរ៉ា