ព័ត៌មានអន្តរជាតិ

ណាតូនឹងពង្រឹងសារ របស់ក្រុមប្រទេស G7 ស្តីពីប្រទេសចិន បើទោះជាទីក្រុងប៉េកាំង ស្រែកថាជាការបង្កាច់ បង្ខួចក៏ដោយ 

បរទេស៖ ថ្នាក់ដឹកនាំអង្គការណាតូ ត្រូវបានគេរំពឹងថា នឹងចាត់ទុកប្រទេសចិន ជាហានិភ័យសន្តិសុខ ចំពោះសម្ពន្ធមិត្តលោកខាងលិច នៅថ្ងៃចន្ទនេះ ក្រោយមួយថ្ងៃបន្ទាប់ពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងនិយាយថា ជាការបង្កាច់បង្ខួចកេរ្តិ៍ឈ្មោះរបស់ខ្លួន។

ដោយមេដឹកនាំសម្ពន្ធមិត្តដ៏លើកឡើង ពីក្តីព្រួយបារម្ភ ស្តីពីការបង្កើនកម្លាំងយោធារបស់រុស្ស៊ីក្នុងពេលថ្មីៗនេះ នៅជិតប្រទេសអ៊ុយក្រែនផងនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពិពណ៌នាជំនួបកំពូល ដែលលោក ចូ បៃដិន នឹងចូលរួមជាលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិកនោះថា ជាពេលវេលាដ៏សំខាន់។
នៅពេលធ្វើដំណើរទៅដល់ជំនួបកំពូលមានរយៈពេលមួយថ្ងៃ នៅក្នុងទីក្រុងព្រួចសែល លោក Stoltenberg បានថ្លែងថា វត្តមានយោធាកំពុងតែរីកធំធាត់ឡើងរបស់ចិន ចាប់តាំងពីសមុទ្របាល់ទិកដល់អាហ្វ្រិក មានន័យថា ណាតូចាំបាច់ត្រូវត្រៀមខ្លួនក្រោកឈរ ដើម្បីសន្តិសុខនិងគុណតម្លៃលទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិច។

ដោយពោលសំដៅដល់កំពង់ផែនិងបណ្ដាញទូរគមនាគមន៍នានានោះ លោកអគ្គលេខាធិការអង្គការណាតូ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសចិន កំពុងតែខិតចូលជិតយើងកាន់តែខ្លាំង យើងឃើញពួកគេនៅលើបណ្ដាញអ៊ីនធឺណេត យើងឃើញប្រទេសចិននៅអាហ្វ្រិក ប៉ុន្តែយើងក៏ឃើញប្រទេសចិន ធ្វើការវិនិយោគដ៏ខ្លាំងក្លា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើងផ្ទាល់ផងដែរ យើងត្រូវតែធ្វើការឆ្លើយតបរួមគ្នា ក្នុងនាមជាសម្ពន្ធមិត្ត”៕ប្រែសម្រួល៖ប៉ាង កុង

To Top