ប៉េកាំង៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារម្សិលមិញនេះ បានប្តេជ្ញារួមគ្នា ដើម្បីការពារសន្តិភាពក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការសន្យានេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិចិន-អាស៊ាន លើកទី១២ ដែលធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើជា សហប្រធានដោយក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei Fenghe និងរដ្ឋមន្រ្តីការពារជាតិទី ២ របស់ប្រ៊ុយណេលោក Dato Paduka។
ប្រទេសប្រ៊ុយណេ ជាប្រទេសកាន់តំណែង ជាប្រធានអាស៊ាននៅឆ្នាំនេះ។ ដោយកត់សម្គាល់ថាឆ្នាំនេះគឺជាខួបលើកទី ៣០ នៃភាពជាដៃគូសន្ទនារវាងចិន និងអាស៊ាន លោក Wei Fenghe បានលើកឡើងថា ក្រុសួងការពារជាតិនៃ ភាគីទាំងពីរគួរតែផ្តល់ការគាំទ្រ សម្រាប់ជំរុញភាពជាដៃគូយុទ្ធសាស្ត្រចិន – អាស៊ាន ឱ្យឈានដល់កម្រិតខ្ពស់មួយ។
លោកបានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ាន ក្នុងវិស័យការពារជាតិ និងយោធា ហើយបន្តផ្តល់វ៉ាក់សាំង និងសម្ភារៈផ្សេងៗទៀតយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។
ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង លោក Wei Fenghe បានលើកឡើងថា ភាគីពាក់ព័ន្ធគួរតែកសាងការ មូលមតិគ្នាគ្រប់គ្រងភាពខុសគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
មេដឹកនាំការពារជាតិអាស៊ាន បានលើកឡើងពីការពេញចិត្ដយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងអាស៊ាន – ចិន និងបានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩៕
ដោយ ឈូក បូរ៉ា