ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនិយាយ ការពារសមយុទ្ធយោធា នៅក្បែរកោះមានជម្លោះ Dokdo

បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានិយាយនៅពេលថ្មីៗនេះថា ក្រុមកោះ គឺជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន ក្រោយទីក្រុងតូក្យូបានបដិសេធមិនធ្វើជំនួបកំពូលមួយជាមួយទីក្រុងសេអ៊ូល នៅជំនួបកំពូលនៃក្រុមប្រទេស G7។

មន្ត្រីនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក  Choi Young-sam បានមានប្រសាសន៍ថា សមយុទ្ធការពារបូរណភាពដែនសមុទ្រខាងកើត ដែលបានចាប់ផ្តើមនៅសប្ដាហ៍នេះជិតក្រុមកោះនោះ គឺជាការហ្វឹកហាត់ប្រចាំឆ្នាំតាមប្រក្រតីធម្មតា បង្កើតឡើងសម្រាប់គោលបំណងការពារដែនគោកកូរ៉េខាងត្បូង។

ការថ្លែងបែបនេះរបស់លោក  Choi Young-sam គឺត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងារសារព័ត៌មានជប៉ុន  Jiji Press បានរាយការណ៍ថា មន្ត្រីការទូតជប៉ុន លោក Takehiro Funakoshi និងលោក Hirohisa Soma ជាឯកអគ្គរាជទូតរងនៅស្ថានទូតជប៉ុនប្រចំាទីក្រុងសេអ៊ូល បាននិយាយប្រាប់ទីក្រុងសេអ៊ូលថា ក្រុមកោះនោះ គឺជាទឹកដីជប៉ុន និងថា សមយុទ្ធកូរ៉េនៅជិតទីនោះ គឺជារឿងមិនអាចទទួលយកបានសោះឡើយ។

គួរបញ្ជាក់ថា យោធានិងកងកម្លាំងការពារដែនសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការហ្វឹកហាត់រួមគ្នានៅសមុទ្រខាងកើត កាលពីថ្ងៃអង្គារ ហើយប្រភពយោធាបាននិយាយប្រាប់ថា សមយុទ្ធនោះ រួមមានទាំងកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសចូលរួម៕ ប្រែសម្រួល៖ប៉ាង កុង

To Top