ព័ត៌មានអន្តរជាតិ

វៀតណាម នឹងផលិតវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ Abdala បច្ចេកវិទ្យារបស់ប្រទេស គុយបា

បរទេស៖ ប្រទេសវៀតណាមនឹង សហការជាមួយប្រទេសគុយបា ដើម្បីផលិតវ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 របស់គុយបាបន្ទាប់ពីវិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) ទទួលបានបច្ចេកវិទ្យា ផលិតកម្មចាំបាច់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំង Abdala ផលិតដោយប្រទេសគុយបា បានឆ្លងកាត់ការសាកល្បងលើមនុស្សទាំង ៣ ដំណាក់កាល ដោយដំណាក់កាលទី ៣ ពាក់ព័ន្ធនឹងមនុស្សប្រមាណ ៤៨ ០០០ នាក់ ដែលមានអាយុពី ១៩-៨០ ឆ្នាំ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលគុយបាលោក Jose Angel Portal Miranda បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងនេះមិនទាន់ត្រូវបានធ្វើការសាកល្បងព្យាបាលនៅក្នុងប្រទេសណាមួយនៅឡើយទេ។

លទ្ធផលនៃការសាកល្បងដំបូងបានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសកូរ៉ូណាដែលបំលែងខ្លួនថ្មី (Beta and Gamma) ដែលមានសុវត្ថិភាព និង បង្កើតភាពស៊ាំ។ វ៉ាក់សាំងនេះតម្រូវឱ្យមានការចាក់ថ្នាំបង្ការរោគចំនួន ៣ ដងដោយគម្លាត ១៤ ថ្ងៃ។ វាអាចត្រូវបានរក្សាទុកក្នុងចន្លោះពី ២-៨ អង្សាសេ។

ប្រទេសគុយបាអាចផលិតបានវ៉ាក់សាំង Abdala ប្រហែល ១០០ លានក្នុងមួយឆ្នាំ ដែលក្នុងនោះ មានតែ ៣០ លានដូសប៉ុណ្ណោះដែលត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងស្រុក។ លោក Miranda បាននិយាយថាប្រទេសគុយបាមានឆន្ទៈសហការជាមួយប្រទេសវៀតណាមលើការផ្គត់ផ្គង់វ៉ាក់សាំងនិងការផ្ទេរបច្ចេកវិទ្យាដើម្បីផលិតវា៕ប្រែសម្រួលៈ ណៃ តុលា

To Top