បរទេស៖ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនអវកាសយានិកចំនួន៣រូប ចូលទៅក្នុងលំហ តាមរយៈយានអវកាស Shenzhou-12 ដែលនឹងចូលទៅចតនៅជាមួយស្ថានីយអវកាសថ្មីរបស់ទីក្រុងប៉េកាំង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន CGTN បានរាយការណ៍ថា រ៉ុកកែត Long March-2F បានបោះបង្ហោះឡើងបានយ៉ាងជោគជ័យតាមកាលកំណត់ នៅម៉ោង៩និង២២នាទីព្រឹក ម៉ោងក្នុងតំបន់ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan របស់ចិន នៅវាលខ្សាច់ Gobi Desert។
អវកាសយានិកចិនទាំងពីររូបនៅក្នុងយានអវកាសនោះ គឺមេបញ្ជាការផ្នែកការហោះហើរ លោក Nie Haisheng វ័យ៥៧ឆ្នាំ និងបុគ្គលិករបស់លោក គឺលោក Liu Boming វ័យ៥៥ឆ្នាំ និងលោក Tang Hongbo វ័យ៤៦ឆ្នាំ ដែលនឹងចូលទៅចតនៅម៉ូឌុលនៃស្ថានីយអវកាស Tianhe ហើយក្លាយជាផ្នែកមួយទៀតនៃគន្លងតារាវិថី។
តាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន The Global Times នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការធ្វើដំណើរពីកន្លែងបាញ់បង្ហោះទៅដល់កន្លែងចុះចតនោះ ត្រូវបានគេរំពឹងថា ត្រូវប្រើប្រាស់ពេលវេលាចំនួន៦ម៉ោងនិង៣០នាទី៕
ប្រែសម្រួល៖ប៉ាង កុង