Covid-19

ក្នុងរយៈពេល២៤ម៉ោង ចក្រភពអង់គ្លេស មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មីជាង ១,១ម៉ឺននាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៧ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៤.៦០០.៦២៣នាក់ ។

ប្រទេសនេះក៏បានកត់ត្រាចំនួន អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន១៩នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស កើនដល់១២៧.៩៤៥នាក់ ។ តួលេខទាំងនេះ រាប់បញ្ចូលទាំងពលរដ្ឋដែលបាន ស្លាប់ក្នុងអំឡុងពេល ២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានជាលើកដំបូង ។

យោងតាមការសិក្សាចុងក្រោយ បង្អស់ដែលបានបោះពុម្ពផ្សាយ កាលពីថ្ងៃព្រហស្បតិ៍របស់សកលវិទ្យាល័យ Imperial College London និង Ipsos MORI បានឲ្យដឹងថា ទោះបីជាការចាក់វ៉ាក់សាំងបានទទួលជោគជ័យ ដែលរបាយការណ៍បានបង្ហាញ ពីការឆ្លងជំងឺកូវីដ-១៩ជាសកល ដែលបានកើតឡើងយ៉ាងឆាប់រហ័ស ក្នុងអំឡុងចុងខែឧសភា និងដើមខែមិថុនានេះក្តី ក៏នៅតែមានការឆ្លង ដែលបង្កឡើងដោយវីរុសក្លាយពូជ ដែលគេហៅថា Delta ដែលបានកំណត់អត្តសញ្ញាណ ដំបូងនៅក្នុងប្រទេសឥណ្ឌា ដែលបានក្លាយជាវីរុសក្លាយពូជ ដែលឆ្លងខ្លាំងនៅក្នុងប្រទេសអង់គ្លេស ។

ការសិក្សាបានឲ្យដឹងថា ការឆ្លងជំងឺកូវីដ-១៩ជាសកល គឺខ្ពស់បំផុតដល់កុមារអាយុ៥ដល់១២ឆ្នាំ និង១៨ឆ្នាំដល់២៤ឆ្នាំ ដោយបានកើនឡើងពី ០,១៦ភាគរយដល់ ០,៣៥ភាគរយ និងពី០,១០ភាគរយដល់០,៣៦ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top