បរទេស៖ តំណាងអចិន្ត្រៃយ៍រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានពណ៌នាអំពីដំណោះស្រាយថ្មី របស់អង្គការសហប្រជាជាតិ ស្តីពី ប្រទេសមីយ៉ាន់ម៉ាថា មានលក្ខណៈនយោបាយនិងមាននិន្នាការ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចចិត្តមួយដោយអំពាវនាវ ឱ្យប្រទេសទាំងអស់បញ្ឈប់ការលក់ អាវុធទៅឱ្យប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាជំរុញឱ្យរដ្ឋាភិបាល យោធារបស់ប្រទេសនេះ ដោះលែងពលរដ្ឋដែល ត្រូវបានឃុំខ្លួនទាំងអស់។
ប្រទេសរុស្ស៊ីគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៣៦ ដែលបានបោះឆ្នោតអនុបវាទ របស់អង្គការសហប្រជាជាតិស្តីពី ការបដិសេធការលក់អាវុធ ដល់របបយោធានេះ។
យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដណ្តើមកាន់កាប់ប្រទេស នៅក្នុងរដ្ឋប្រហារមួយនៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ ។ មានការតវ៉ាទ្រង់ទ្រាយធំចាប់ តាំងពីរដ្ឋប្រហារត្រូវបានធ្វើឡើង។ របបយោធាអះអាងថា សកម្មភាពរបស់ពួកគេត្រឹមត្រូវហើយ បានសន្យាផ្ទេរអំណាចដោយសន្តិវិធី បន្ទាប់ពីការបោះឆ្នោតថ្មី ទោះបីជាមិនទាន់មានកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា