ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើងថា ត្រៀមខ្លួនរួចហើយទាំងការចរចា និងការប្រឈមមុខ ជាមួយអាមេរិក

បរទេស៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា នៅខែមិថុនានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង បន្ទាប់ពីអវត្តមានរយៈពេលជិតមួយខែ ដោយបានចូលរួមនៅក្នុងកិច្ចប្រជុំ លើកដំបូងនៃការិយាល័យនយោបាយ របស់គណបក្សគ្រប់គ្រងរដ្ឋាភិបាល ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកគីមជុងអ៊ុន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាលនៃ គណបក្សពលករកំពុងកាន់អំណាច របស់ប្រទេសកូរ៉េខាងជើងថា ប្រទេសត្រូវតែត្រៀម“ ទាំងការសន្ទនាគ្នា និងការប្រឈមមុខដាក់គ្នា” ជាមួយសហរដ្ឋអាមេរិក ក្នុងពេលលោក Joe Biden ជាប្រធានាធិបតី។ នេះបើតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសុន្ទរកថា របស់លោកគីមបានសង្កត់ធ្ងន់ថា ការរៀបចំសម្រាប់ការប្រឈមមុខ គឺមានសារៈសំខាន់ ជាពិសេសដើម្បីការពារសេចក្តីថ្លៃថ្នូរ របស់រដ្ឋរបស់យើង និងធានានូវ “បរិយាកាសសន្តិភាព” ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាម KCNA បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកគីម បានបញ្ជាក់នូវយុទ្ធសាស្ត្រ នៃទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ដោយកត់សំគាល់អំពី“ និន្នាការនៃគោលនយោបាយ របស់រដ្ឋបាលអាមេរិក ដែលទើបនឹងចេញថ្មី” ។

មេដឹកនាំកូរ៉េខាងជើង ក៏បានអំពាវនាវផងដែរឱ្យ មានប្រតិកម្មយ៉ាងរហ័ស និងដោះស្រាយចំពោះស្ថានការណ៍ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការខិតខំប្រឹងប្រែងលើ ការគ្រប់គ្រងស្ថេរភាពនៃ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top