ព័ត៌មានអន្តរជាតិ

ក្រុម Hacker កូរ៉េខាងជើង វាយប្រហារវិទ្យាស្ថាន ស្រាវជ្រាវនុយក្លេអ៊ែរ កូរ៉េខាងត្បូង បានសម្រេច

សេអ៊ូល៖ បណ្តាញកុំព្យូទ័រ របស់វិទ្យាស្ថានស្រាវជ្រាវ នុយក្លេអ៊ែរ ដែលគ្រប់គ្រង ដោយរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានរំលោភដោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត របស់កូរ៉េខាងជើង កាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

ក្រុមវាយប្រហារតាមអ៊ីនធឺណិត របស់កូរ៉េខាងជើង ត្រូវបានគេរកឃើញថា បានរំលោភលើបណ្តាញផ្ទៃក្នុង នៃវិទ្យាស្ថានស្រាវជ្រាវថាមពល បរមាណូកូរ៉េ (KAERI) កាលពីថ្ងៃទី១៤ ខែឧសភា។

ប្រភពព័ត៌មានបានឲ្យដឹងថា អាស័យដ្ឋានមួយចំនួន ត្រូវបានឆ្លុះបញ្ចាំង ពីការលួចស្តាប់សឺវឺររបស់ “គីម ស៊ុគី” ដែលជាក្រុមចោរកម្ម របស់កូរ៉េខាងជើង។

“គីមស៊ុគី” ត្រូវបានគេដឹងថា ជាអង្គភាពមួយ នៅក្នុងការិយាល័យឧត្តមភាព ឈ្លបយកការណ៍ភ្នាក់ងារស៊ើបការណ៍ យោធាកូរ៉េខាងជើង។

ក្រុមនេះត្រូវបានគេជឿជាក់ថា ជាអ្នកនៅពីក្រោយការរំលោភ លើប្រព័ន្ធអ៊ីនធឺណិត របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង និងការព្យាបាល ជំងឺកូវីដ-១៩ ដែលរួមមានក្រុមហ៊ុន AstraZeneca មានមូលដ្ឋាន នៅចក្រភពអង់គ្លេស និងក្រុមហ៊ុន Celltrion របស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា“ ប្រសិនបើថាមពលនុយក្លេអ៊ែរ របស់ប្រទេស និងបច្ចេកវិទ្យាសំខាន់ៗដទៃទៀត ត្រូវបានលេចធ្លាយ វាអាចនឹងក្លាយជាការរំលោភ សន្តិសុខដ៏ធំមួយ បន្ទាប់ពីការវាយលុក របស់ក្រុងព្យុងយ៉ាង លើបទបញ្ជាតាមអ៊ិនធឺណិតយោធា នៅទីក្រុងសេអ៊ូល កាលពីឆ្នាំ ២០១៦” ។ គួរបញ្ជាក់ថា KAERI គឺជាវិទ្យាស្ថានស្រាវជ្រាវ ដែលឧបត្ថម្ភថវិកា ដោយរដ្ឋាភិបាលទទួលបន្ទុក ការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ៕ ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top