ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ អំពាវនាវឲ្យឈប់ លក់អាវុធឲ្យមីយ៉ានម៉ា

បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យឈប់លក់អាវុធ ឲ្យដល់ប្រទេសមីយ៉ានម៉ា និងបានជំរុញឲ្យរបបយោធាមីយ៉ានម៉ា គោរពលទ្ធផលបោះឆ្នោតខែវិច្ឆិកា និងធ្វើការដោះលែងអ្នកទោស នយោបាយទាំំងអស់ ដែលរួមទាំងលោកស្រី អ៊ុង សានស៊ូជីផង។

មហាសន្និបាតនោះ បានអនុម័តសេចក្តីសម្រេចមួយ ដោយមានការគាំទ្រពីប្រទេសចំនួន១១៩ ក្រោយរយៈពេលប៉ុន្មានខែ បន្ទាប់ពីយោធាមីយ៉ានម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយមានតែប្រទេសប៉េឡារុសមួយប៉ុណ្ណោះដែលបោះឆ្នោតជំទាស់ ស្របពេលដែលប្រទេសចំនួន៣៦ទៀតធ្វើអនុប្បវាទ មានចិននិងរុស្ស៊ីជាដើម។
ប្រសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ានម៉ា លោក Christine Schraner Burgener បាននិយាយប្រាប់មហាសន្និបាតនោះ ក្រោយការបោះឆ្នោតថា “ហានិភ័យនៃសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ គឺជាការពិត ហើយពេលវេលាគឺសំខាន់ ចំណែកឱកាសកែប្រែការគ្រប់គ្រងរបស់យោធា កំពុងតែមានភាពចង្អៀត”។

គួរបញ្ជាក់ថា ប្រទេសមួយចំនួនដែលធ្វើអនុប្បវាទបាននិយាយថា វិបត្តិគឺជាបញ្ហាផ្ទៃក្នុងសម្រាប់មីយ៉ានម៉ា ហើយអ្នកផ្សេងទៀតមិនគិតថា សេចក្តីសម្រេចនឹងមានផលល្អនោះទេ ស្របពេលដែលប្រទេសមួយចំនួន បានត្អូញត្អែថា វាមិនបានដោះស្រាយគ្រប់គ្រាន់ចំពោះស្ថានភាពនៃពួកមូស្លីមរ៉ូហ៊ីងយ៉ា ក្រោយប្រមាណពេល៤ឆ្នាំ បន្ទាំប់ពីការបង្ក្រាបរបស់យោធា បានបង្ខំឲ្យមនុស្សជាតិ មួយលាននាក់ រត់ភៀសខ្លួនចេញពីមីយ៉ានម៉ា៕

ប្រែសម្រួល៖ប៉ាង កុង

To Top