ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ព្រមានថ្នាក់ដឹកនាំលីបង់ អំពីទណ្ឌកម្មជុំវិញ វិបត្តិក្នុងប្រទេស

បរទេស៖ ប្រធានគោលនយោបាយបរទេស របស់សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថ្នាក់ដឹកនាំ នៃប្រទេសលីបង់ថា ពួកគេនឹងត្រូវថ្កោលទោស ចំពោះវិបត្តិនយោបាយនិងសេដ្ឋកិច្ច នៅក្នុងប្រទេស ហើយអ្នកខ្លះអាចនឹងប្រឈមមុខ នឹងទណ្ឌកម្ម ប្រសិនបើពួកគេនៅបន្តរារាំង វិធានការបង្កើតរដ្ឋាភិបាលថ្មី និងការអនុវត្តកំណែទម្រង់។

ថ្លែងក្រោយអ្វីដែលលោកហៅថា ជាការផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ ជាមួយលោកប្រធានាធិបតី Michel Aoun នោះ លោក Josep Borrell បានមានប្រសាសន៍ថា លោកនឹងនាំយកសារដ៏ខ្លាំងក្លាមួយ ដែលថា ប្រទេសកំពុងស្ថិតជិតវិបត្តិហិរញ្ញវត្ថុ ហើយអ្នកនយោបាយមិនអាច ចំណាយពេលវេលាខ្ជះខ្ជាយបានទេ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន EQUITY NEWS នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយកិច្ចពិភាក្សាគ្នាជាមួយ លោកប្រធានាធិបតី Michel Aoun រួច លោកបាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “វិបត្តិដែលលីបង់កំពុងតែប្រឈមមុខ ចំពោះនោះ គឺវិបត្តិផ្ទៃក្នុង ហើយវាជាវិបត្តិបង្កឡើងដោយខ្លួនឯង”។

វាមិនមែនជាវិបត្តិ ដែលកើតមកពីបរទេស ឬក៏ពីកត្តាខាងក្រៅនោះទេ។ វាជាវិបត្តិក្នុងស្រុក វិបត្តិមួយដែលបង្កើតឡើងដោយអ្នកខ្លួនឯងផ្ទាល់”។ 

លោកបាននិយាយបន្តទៀតថា “យើងត្រៀមខ្លួនរួចរាល់ដើម្បីជួយ ប៉ុន្តែប្រសិនបើមានឧបសគ្គច្រើនឡើង ចំពោះដំណោះស្រាយលើវិបត្តិពហុវិស័យ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសនោះ យើងនឹងចាំបាច់ត្រូវពិចារណា រកចំណាត់ការផ្សេងទៀត ស្របពេលដែលរដ្ឋ ជាសមាជិកខ្លះបានស្នើឡើង”៕  ប្រែសម្រួល៖ប៉ាង កុង 

To Top