បរទេស៖ សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះ ភាគីដែលកំពុងតែចរចា ឲ្យមានការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នឹងបើកកិច្ចប្រជុំផ្លូវការមួយ នៅក្នុងទីក្រុងវីយែន នាថ្ងៃអាទិត្យនេះ នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន៦ នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការចរចាគ្នា នៅក្នុងទីក្រុងវីយែន ចាប់តាំងពីខែមេសាមក ដើម្បីដាក់ចេញវិធានការឲ្យទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់អនុវត្តតាម។
នៅក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលអ៊ីរ៉ង់បានទទួលយកការទប់ស្កាត់ លើកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ក្នុងការដូរយកការលើកលែងទណ្ឌកម្មបរទេសជាច្រើនមកលើខ្លួន។
មន្ត្រីក្នុងកិច្ចចរចានោះ នាពេលថ្មីៗនេះ បានបង្ហាញថា ភាពខុសគ្នានៅតែមានលើបញ្ហាសំខាន់ៗ ហើយលោក Mikhail Ulyanov ជាប្រេសិតរុស្ស៊ីដែលចូលរូមក្នុងកិច្ចពិភាក្សាគ្នានោះ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា “គណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀង នោះ នឹងជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ទី២០ ខែមិថុនានេះ”។
ប្រេសិតទទួលបន្ទុកក្នុងកិច្ចការចរចា របស់រុស្ស៊ីរូបនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “វានឹងសម្រេចចិត្តលើផ្លូវឆ្ពោះទៅមុខ នៅក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងវីយែន ហើយកិច្ចព្រមព្រៀងគ្នាមួយ លើការស្តារឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែនោះ គឺកំពុងស្ថិតនៅក្នុងទី ដែលអាចសម្រេចបាន ប៉ុន្តែនៅមិនទាន់បញ្ចប់ជាចុងក្រោយនៅឡើយនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង