ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីអ៊ីស្រាអែល៖ភាពអត់ធ្មត់ ចំពោះពួក ហាម៉ាស់ បានអស់ហើយ(videos)

បរទេស៖លោក Naftali Bennett ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះបានធ្វើការព្រមានថា ភាពអត់ធ្មត់របស់អ៊ីស្រាអែល ចំពោះក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានអស់ហើយ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តំណែងមក។

ថ្លែងនៅព្រឹត្តិការណ៍រំឭកដល់អ្នកដែលស្លាប់ក្នុងសង្គ្រាមឆ្នាំ២០១៤នៅតំបន់ហ្គាហ្សាស្ទ្រីប លោក Naftali Bennett បានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោក នឹងចាត់វិធានការដ៏ខ្លាំងក្លាបន្ថែម ចំពោះការវាយប្រហារទៅលើពួកប៉ាឡេស្ទីន ស្របពេលដែលអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា នៅក្នុងដំណើរឆ្លើយតប ចំពោះប៉ោងប៉ោងបំពាក់គ្រាប់បែកភ្លើងដែលបញ្ជូនឆ្លងព្រំដែន ក្នុងមួយសប្ដាហ៍ពីរដង ចាប់តំាងពីរដ្ឋាភិបាលថ្មីបានបង្កើតឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សត្រូវរបស់យើង នឹងដឹងពីច្បាប់ ហើយយើងនឹងមិនអត់ធ្មត់ចំពោះអំពើហិង្សា និងការវាយប្រហារដោយរ៉ុកកែតនោះទេ គឺភាពអត់ធ្មត់របស់យើង បានអស់ហើយ”។

លោក Naftali Bennett បានមានប្រសាសន៍បន្តទៀតថា “គ្មានបំណងធ្វើឲ្យប៉ះពាល់ដល់អ្នកទាំងឡាយណា ដែលមិនប្រឹងប្រែងសម្លាប់យើងនោះទេ ហើយយើងមិនស្អប់អ្នកទាំងឡាយណា ដែលចាប់ខ្លួនជាចំណាប់ខ្មាំង ដោយអង្គការភេរកម្មដ៏អាក្រក់ឃោរឃៅនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង

To Top