ព័ត៌មានអន្តរជាតិ

អាមេរិក-អឺរ៉ុប ព្រួតដៃគ្នា ដាក់ទណ្ឌកម្មលើបេឡារុស្ស

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងបុគ្គលនិងអង្គភាព របស់បេឡារុស្ស ជុំវិញការរំលោភសិទ្ធិមនុស្ស និងឧប្បត្តិហេតុបង្វែរ ការហោះហើររបស់ក្រុមហ៊ុន អាកាសចរ Ryanair ។

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់ អង្គភាពចំនួន ៥ និង បុគ្គលចំនួន ១៦រូប ក្នុងនោះរួមមាន លេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko និងជាប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ សភាជាន់ខ្ពស់ នៃរដ្ឋសភាបេឡារុស្ស។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា គណៈកម្មាធិសន្តិសុខរដ្ឋកងកម្លាំង ផ្ទៃក្នុង នៃក្រសួងកិច្ចការផ្ទៃក្នុង និងក្បាលម៉ាស៊ីនរបស់ពួកគេ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅផងដែរ។

ទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់ របស់បុគ្គលនានា នៅសហរដ្ឋអាមេរិកត្រូវបានរារាំង ហើយជាទូទៅសហរដ្ឋអាមេរិក ត្រូវបានហាមឃាត់មិនឱ្យទាក់ទងពួកគេនោះទេ ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍ដាច់ដោយឡែកមួយថា ក្រសួងការបរទេស បានដាក់កម្រិតការផ្តល់ទិដ្ឋាការ ដល់មន្រ្តីបេឡារុស្សចំនួន ៤៦ នាក់ ។

ជាមួយគ្នានេះដែរសហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងបុគ្គលចំនួន ៧៨រូប និងអង្គភាពចំនួន ៨ នៅក្នុងប្រទេសបេឡារុស្ស ដែលជាផ្នែកមួយឆ្លើយតបទៅនឹងការបង្វែរការហោះហើរពាណិជ្ជកម្ម ទៅកាន់ទីក្រុង Minsk កាលពីខែមុន។

បុគ្គល ៧ នាក់ និងអង្គភាពមួយ បានដាក់ទណ្ឌកម្មទាក់ទងនឹង អ្វីដែលសហភាពអឺរ៉ុបជឿជាក់ថា ការចុះចតដោយបង្ខំ នៃយន្ដហោះដឹកអ្នកដំណើរ Ryanair ទៅកាន់ទីក្រុង Minsk និងការចាប់ខ្លួនអ្នកកាសែតប្រឆាំង នៅលើយន្តហោះនោះ ។

លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោល នយោបាយសន្តិសុខ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសសហភាពអឺរ៉ុប បានឲ្យដឹងថាប្លុកនេះក៏កំពុងរៀបចំវិធានការ សេដ្ឋកិច្ចជាបន្តបន្ទាប់ប្រឆាំង នឹងប្រទេសបេឡារុស្ស៕ដោយ ឈូក បូរ៉ា

To Top