បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោសសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ថាជាអ្នកបង្កើតហានិភ័យ សន្តិសុខដ៏ខ្លាំងក្លានៅក្នុងតំបន់ ក្រោយនាវាចម្បាំង អាមេរិកមួយគ្រឿង បានធ្វើដំណើរម្តងទៀត កាត់តាមច្រកសមុទ្រ ដែលខ័ណ្ឌចែកកោះតៃវ៉ាន់ និងប្រទេសចិន ។
កងនាវាលេខ៧ របស់ទ័ពជើងទឹក សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាព មីស៊ីល USS Curtis Wilbur ប្រភេទ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់ តាមប្រក្រតីធម្មតា កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយអនុលោម ទៅតាមច្បាប់អន្តរជាតិ ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន SWI នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កងនាវាលេខ៧ទ័ពជើងទឹក អាមេរិក បាននិយាយយ៉ាងដូច្នេះថា “ការធ្វើដំណើរឆ្លង កាត់របស់នាវា តាមច្រកសមុទ្រតៃវ៉ាន់ បង្ហាញឲ្យឃើញពីការ ប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានភាពសេរីនិងបើកចំហ” ។
ទីបញ្ជាការភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា កងកម្លាំងរបស់ខ្លួន បានធ្វើការឃ្លាំមើលនាវានោះ ដែលធ្វើដំណើរតាមផ្លូវរបស់វា និងបានធ្វើការព្រមានវាផងដែរ ។
ទីបញ្ជាការចិននេះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ភាគីសហរដ្ឋអាមេរិក កំពុងតែមានចេតនា លេងល្បិកចាស់ដដែល ហើយបង្កើតឲ្យមានបញ្ហា និងរំខានដល់រឿងរ៉ាវ នៅច្រកសមុទ្រតៃវ៉ាន់” ៕ ប្រែសម្រួល៖ប៉ាង កុង