ព័ត៌មានអន្តរជាតិ

ចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ ក្រុមហ៊ុនចិន

បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងចាត់វិធានការដ៏ចាំបាច់នានា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅលើក្រុមហ៊ុនចិនចំនួន៥ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RADIO PAKISTAN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងសន្និសីទកាសែតតាមប្រក្រតីមួយ ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់មកលើក្រុមហ៊ុនរបស់ចិន។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន តាមសេចក្តីរាយការណ៍ បានចេញបម្រាមមិនឲ្យអាមេរិកនាំចូលវត្ថុធាតុដើមនៃបន្ទះសូឡាសំខាន់ៗ ពីក្រុមហ៊ុន Hoshine Silicon Industry ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ជុំវិញការចោទប្រកាន់ពីបទការធ្វើពលកកម្មដោយបង្ខំ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក បៃដិន នាពេលថ្មីៗនេះ បានអនុវត្តយុទ្ធសាស្ត្រដាក់សម្ពាធរដ្ឋាភិបាលចិន លើតំបន់មានជម្លោះនានា ដូចជាតំបន់ស៊ីនជាំងជើងដើម ស្របពេលដែលស្វះស្វែងធ្វើសហប្រតិបត្តិការ លើអាទិភាពសកល ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម៕

ប្រែសម្រួល៖ប៉ាង កុង

To Top